គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់ត្នោតមាស : គណៈមេប្រយោគត្រៀមខ្លួនរួចជាស្រេច

កាលបរិច្ឆេទ: ០៩ មេសា ២០២៦ / កសិកម្ម / Author : ATH Sokren

គណៈមេប្រយោគពានរង្វាន់ត្នោតមាស ២០២៦ បានជួបប្រជុំគ្នាកាលពីថ្ងៃទី ៣១ ខែមីនា ដើម្បីបើកការប្រកួតជាផ្លូវការសម្រាប់ពានរង្វាន់ត្នោតមាសដែលប្រធានបទឆ្នាំនេះផ្តោតលើការច្នៃប្រឌិតភេសជ្ជៈប្រូប៊ីយ៉ូទិកផលិតចេញពីវត្ថុធាតុដើមនៅក្នុងស្រុក។ នៅជុំវិញលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ សមាសភាពគណៈមេប្រយោគរួមមាន លោកបណ្ឌិតអៃ សុងហ៊ាង លោកបណ្ឌិតប៊ុនតុង បូរ៉ារិន លោកឡៅ រាសី និងលោកហ្វីលីព ម៉ូណាំង ព្រមទាំងតំណាងមូលនិធិគីណាល់ និងក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលជាច្រើនរូបទៀត។

ដោយអនុលោមតាមគោលការណ៍នៃតំណែងប្រធានប្តូរវេន គណៈមេប្រយោគបានតែងតាំងលោក ឡៅ រាសី ឱ្យជំនួសលោកបណ្ឌិតប៊ុនតុង បូរ៉ារិន ជាប្រធានគណៈមេប្រយោគពានរង្វាន់ត្នោតមាសឆ្នាំនេះ។ ការផ្លាស់ប្តូរវេននេះនាំមកនូវបទពិសោធថ្មី និងក្រសែភ្នែកថ្មីក្នុងបំណងតែមួយគឺ លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរវិស័យកសិកម្មប្រកបដោយភាពច្នៃប្រឌិត និងចីរភាព ដែលមានឫសគល់នៅជនបទកម្ពុជា។

ប្រធានបទសម្រាប់ឆ្នាំ២០២៦ គឺ បង្កើតភេសជ្ជៈប្រូប៊ីយ៉ូទិកប្រកបដោយភាពច្នៃប្រឌិតចេញពីវត្ថុធាតុដើមក្នុងស្រុក។ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង បានឆ្លៀតឱកាសនេះដើម្បីបញ្ជាក់ជាថ្មីអំពីសារសំខាន់នៃប្រូប៊ីយ៉ូអូទិកសម្រាប់សរីរាង្គមនុស្ស និងតួនាទីរបស់វាក្នុងការរក្សាសុខភាព ដោយបានបញ្ជាក់ពីសក្តានុពលដ៏ធំធេងនៃផលិតផលក្នុងស្រុក ដើម្បីបំពេញតាមតម្រូវការថ្មីរបស់អ្នកប្រើប្រាស់ទាក់ទងនឹងសុខុមាលភាព។

ក្នុងអំឡុងពេលពិភាក្សាគ្នា លោកបណ្ឌិតប៊ុនតុង បូរ៉ារិន បានស្នើឱ្យផ្តោតការស្រាវជ្រាវទៅលើផលិតផលសំខាន់ៗមួយចំនួន ដូចជាស្វាយ ឬគ្រឿងផ្សំក្នុងស្រុកផ្សេងទៀត។ ប៉ុន្តែ លោកឧកញ៉ាឱសថបណ្ឌិតចង់ផ្តល់សេរីភាពពេញលេញដល់សិស្សានុសិស្សក្នុងការជ្រើសរើសវត្ថុធាតុដើមរបស់ពួកគេ ដើម្បីលើកទឹកចិត្តដល់ការរុករកធនធានកសិកម្មជាច្រើនប្រភេទ និងដើម្បីទទួលបានការយល់ដឹងកាន់តែច្បាស់អំពីប្រូប៊ីយ៉ូទិកដែលមាននៅក្នុងផលិតផលក្នុងស្រុក។

ចំណែកឯកាលវិភាគប្រកួតប្រជែងក៏ត្រូវបានកំណត់ផងដែរ។ លក្ខណៈពិសេសប្លែកមួយសម្រាប់ឆ្នាំនេះគឺថា វគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់រង្វាន់នឹងមិនត្រូវបានធ្វើឡើងនៅថ្ងៃតែមួយនោះទេ។ វគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ខណៈដែលពិធីប្រគល់រង្វាន់ត្រូវបានគ្រោងទុកសម្រាប់ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៦ គឺស្របពេលជាមួយនឹងការប្រារព្ធខួប៣០ឆ្នាំរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ហើយក៏នឹងត្រូវធ្វើឡើងរួមគ្នាជាមួយនឹងការប្រគល់រង្វាន់គីណាល់ឆ្នាំ២០២៦ផងដែរ។

ជំហានសំខាន់ៗត្រូវបានកំណត់រួចហើយ គឺបេក្ខជនត្រូវផ្ញើសេចក្តីសង្ខេបគម្រោងយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ចំណែកឯការប្រកាសក្រុមដែលជាប់វគ្គផ្តាច់ព្រ័ត្រត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែឧសភា ហើយបេក្ខជនមានពេលចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដាដើម្បីរៀបចំ និងបញ្ចប់គម្រោង បន្ទាប់មកត្រូវផ្ញើឯកសារទាក់ទងនឹងបទបង្ហាញផ្ទាល់មាត់ទៅកាន់គណៈមេប្រយោគយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែកក្កដា ដើម្បីអនុញ្ញាតឱ្យគណៈមេប្រយោគសិក្សាឯកសារទាំងនោះមួយខែមុនពេលវគ្គផ្តាច់ព្រ័ត្រ។

នៅឆ្នាំនេះ មានបេក្ខជនចូលរួមប្រកួតប្រមាណ៣៥ក្រុមមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន១១ ក្នុងនោះ១០ ក្រុមនឹងត្រូវបានជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រដោយផ្អែកលើឯកសារគម្រោងសង្ខេបរបស់ពួកគេ។

គម្រោងទាំងនេះនឹងត្រូវវាយតម្លៃទៅលើចំណុចសំខាន់ៗចំនួនបី សរុបចំនួន ២០ពិន្ទុ។ ទីមួយ ហេតុផល និងភាពត្រឹមត្រូវ (៣/២០) ជាមួយនឹងការផ្តោតលើការច្នៃប្រឌិតផលិតផលកសិកម្មខ្មែរពិតប្រាកដ និងការរួមចំណែកដល់ការលើកកម្ពស់ប្រាក់ចំណូលរបស់អ្នកផលិត។ ទីពីរគម្រោងអាចធ្វើបាន (៧/២០) រួមទាំងភាពងាយស្រួលនៃការអនុវត្ត ការចំណាយដែលត្រូវគ្នាជាមួយសហគ្រាសធុនតូច និងមធ្យម ឬបែបលក្ខណៈគ្រួសារ និងអាចអនុវត្តបានសម្រាប់រចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។ ទីបីគឺនវានុវត្តន៍ និងភាពច្នៃប្រឌិត (១០/២០) មិនថាទាក់ទងនឹងផលិតផល ដំណើរការផលិត ការវេចខ្ចប់ ការប្រើប្រាស់ ឬទីផ្សារនោះទេ ហើយនវានុវត្តន៍នោះត្រូវគោរពបរិស្ថាន និងគោលការណ៍នៃការកែច្នៃកសិកម្មប្រកបដោយចីរភាព។

ការប្រកួត​ពានរង្វាន់ត្នោតមាសឆ្នាំនេះបញ្ជាក់ពីតួនាទីរបស់ខ្លួនជាកាតាលីកររវាងសាកលវិទ្យាល័យ ពិភពសេដ្ឋកិច្ច និងអ្នកផលិត និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេលក្នុងការគាំទ្រការច្នៃប្រឌិតប្រកបដោយទំនួលខុសត្រូវនៅក្នុងមូលដ្ឋាន៕